SPORT

ឱ្យ 200 លានអត់ព្រម ឥឡូវក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត បោះសំណើប្រាក់ឈ្នួល 1,000 លានម្តងមើល…

RMC Sport បានឱ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Vinicius Jr. ត្រូវបានក្លិបមកពីលីគ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត ដាក់សំណើជាកញ្ចប់ប្រាក់ឈ្នួលច្រើនជាង ១ ពាន់លានអឺរ៉ូ (១.០៣៩ ពាន់លានដុល្លារអាមេរិក) ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ។

ជាការពិតណាស់ នេះមិនមែនជាលើកទី ១ ទេ ដែលក្លិបមកពីតំបន់មញ្ឈឹមបូព៌ាចង់បាន Vinicius ជាក់ស្តែងកាលពីពេលថ្មីៗនេះអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានចុះផ្សាយថា ពួកគេបានបោះសំណើទៅ Real Madrid ក្នុងចំនួនទឹកប្រាក់ច្រើនជាង ៣០០ លានអឺរ៉ូ ឬប្រមាណជា (៣១៣ លានដុល្លារអាមេរិក) ហើយពួកគេគ្រោងផ្តល់ប្រាក់ឈ្នួលទៅខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំរូបនេះចំនួន ២០០ លានអឺរ៉ូ ឬប្រមាណជា (២០៨ លានដុល្លារអាមេរិក) ក្នុងមួយមួយឆ្នាំជាមួយសុពលភាពកុងត្រារយៈពេល ៥ ឆ្នាំទៀតផង ប៉ុន្តែចុងក្រោយសំណើនេះត្រូវបានបដិសេធភ្លាមៗទាំងភាគីក្លិប និងកីឡាករ។

យ៉ាងណាក៏ដោយ សម្រាប់សំណើថ្មីនេះ គឺមិនទាន់មានព័ត៌មានណាបានបញ្ជាក់អំពីការឆ្លើយតបរបស់ Vinicius និងក្លិបនៅឡើយទេ ដូច្នេះយើងនឹងរង់ចាំមើលបន្តទៀត ថាតើខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល នឹងសម្រេចចិត្តយ៉ាងណាចំពោះសំណើប្រាក់ឈ្នួលយ៉ាងច្រើនបែបនេះ៕

ប្រភព៖ Madrid Universal

Scroll to top